ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធ ឆ្លងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។
លោក សូមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ដែលកើតមានទ្បើងជាបន្តបន្ទាប់ សម្រាប់អ្នកស្រុកកងមាស ទាំងការកសាងហេដ្ឋាររចនាសម្ព័ន្ធ និងសំណង់ពុទ្ធសាសនានានា ជាពិសេសជីវភាពកាន់ តែល្អប្រសើរ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលទាំងនេះពិតជាបង្ហាញ ឱ្យឃើញអំពីការរីកចម្រើន ស្របគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន និងពឹងអាស្រ័យគ្នាទៅវិញទៅមក។
លោក ម៉ាណែត ក៏សូមអបអរសាទរផងដែរ ចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយជោគជ័យនេះ កើតមានទ្បើងដោយសារប្រតិបត្តិករ ០៣ សំខាន់៖ ទី១. គឺតួអង្គ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់ នូវយន្តការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិត របស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺ ដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្ត ដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវ ល្អិតល្អន់ពីក្រុមការងារបច្ចេកទេស ជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។ ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុ ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ ។ និងទី៣. គឺជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែង ឡើងតាមរយៈការ ចូលរួមយ៉ាងសកម្មផុសផុល ទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារ អាយុជីវិត របស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់ អ្នកនយោបាយអគតិមួយចំនួន យ៉ាងណាក៏ដោយ។
លោក ហ៊ុន ម៉ាណែត អះអាងថា គណបក្សប្រជាជន បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការ បង្កើតសមិទ្ធផលវិជ្ជមាន នានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើក កម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយ សន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាព ជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តា ប្រទេសតូចធំ លើឆាកអន្តរជាតិ ។ ហេតុនេះ សូមអញ្ជើញទៅចូល រួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង ៕