ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ខណៈក្នុងឆ្នាំ ២០២១កន្លងទៅ ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១ ០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ដែលបានធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុង នៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ាន ឡើយ ។
ក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ លំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន” ដែលមានទីតាំង ស្ថិតនៅតាម បណ្តោយ មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមីនានេះ លោក ឃួង ស្រេង បានលើកឡើងថា គម្រោង តាមោកស៊ីធីលែន ដែលបានបណ្តាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មី មួយទៀត នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញ ការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំ បង្កើនជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បី បណ្តាក់ទុនធ្វើអាជីវកម្ម នៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមាន កំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកអភិបាលរាជធានីបន្តថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ នូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយ ផលប៉ះពាល់ វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សា លំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករ នៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក ឃួង ស្រេង បន្តទៀតថា ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មាន ថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើង នូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិន ទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពល ដ៏ធំសម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។
ក្នុងនោះលោកសង្កត់ធ្ងន់ថា គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន នឹងរួមចំណែក ធ្វើឱ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែង ក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋាន ជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេល ដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះ មករកតំបន់នេះ។ ការបើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផលនៃសន្តិភាព” តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ” របស់ សម្តេចតេជោ៕