ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការរាល់កៃកាំភ្លើង បណ្តាលឱ្យស្លាប់បុរសរងគ្រោះម្នាក់ ប្រព្រឹត្ត នៅក្នុងកម្មវិធីបង្កក់ កូនអ្នកជិតខាង នៅចំណុចផ្ទះ មានទីលំនៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថអាវុធហត្ថខេត្ត បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ មានទីលំនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកសិក រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ: មនុស្សឃាត ដោយអចេតនា ” តាមមាត្រា ២០៧ នៃច្បាប់ស្តីព្រហ្មទណ្ឌ និង ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពី ១ ទៅ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន អាវុធខ្លី មួយដើម ពីគាត់៕ ដោយ លីហ្សា