ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ចើញជួបប្រជុំនិងពិភាក្សាការងារតាមប្រព័ន្ធអនឡាញ ជាមួយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទានគំាទ្រ ដល់ការពង្រីក ការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទំាងឥណទានគំាទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់គំាទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះភាគីទំាងពីរ ក៏បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោង ផ្តល់ឥណទានគំាទ្រដល់វិស័យគោលដៅទំាងនេះ ក្រោមកម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យ (Risk Sharing Facilities) រវាងធនាគារទំាងពីរផងដែរ។
យកឱកាសនោះលោក កៅ ថាច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ចំពោះការចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ឥណទានគំាទ្រ ដល់ការពង្រីកអាជីវកម្ម និងផលិតកម្មក្នុងវិស័យអាទិភាពទំាងនេះ ក្នុងគោលដៅរួមចំណែកក្នុងការបង្កើតការងារ ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នំា២០២១-២០២៣៕