ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ ៖ គ្មានករណីបូមឈាម និងវះយកសរីរាង្គជនជាតិថៃ នៅកម្ពុជាទេ

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ គ្មានករណីបូមយកឈាម និងវះកាត់យកសរីរាង្គពីស្រ្តីជនជាតិថៃ នៅកម្ពុជានោះឡើយ ។

លោក ជុំ សុន្ទរី លើកឡើងបែបនេះបន្ទាប់ពីសារព័ត៌មានថៃឈ្មោះ Thai Examiner កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានផ្សាយ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់ បានអះអាងថា ខ្លួនបានប្រឈមនឹងគ្រោះថា្នក់ នៃការជួញដូរសរីរាង្គនៅកម្ពុជា ។

ទាក់ទិនបញ្ហានេះលោក ជុំ សុន្ទរី បន្តថា អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះ គឺជាការលើកឡើង ដោយគ្មានមូលដ្ឋាន ត្រឹមត្រូវពិតប្រាកដ។

លោកបញ្ជាក់ថា «ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយ អាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយថានេះជាករណី ដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ» ។

ជុំវិញបញ្ហានេះដែរ លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមថា ស្ថានទូតកំពុងបន្តទាក់ទង ជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត ៕

To Top