ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ជឿជាក់ថា នាវាស្វ័យការពារជើងទឹកជប៉ុន ចតនៅកម្ពុជា នឹងជំរុញកិច្ចប្រតិបត្តិការ កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត (Video)

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបង្ហាញការជឿជាក់ យ៉ាងមុតមាំថា តាមរយៈការបំពេញ ទស្សនកិច្ចចូល ចតនាវាស្វ័យការពារ ជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ជប៉ុននឹងជំរុញផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ។ នាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃ១៤ មីនា ខណៈគម្រោង នៃបំពេញទស្សនកិច្ចនេះ នឹងបញ្ចប់នៅថ្ងៃ១៧ មីនា ។

ក្នុងពិធីសំណេះសំណាលជាមួយ នាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេច ទៀ បាញ់ បានថ្លែងថា នៅឆ្នាំ២០២០ និង ដើមឆ្នាំ២០២២ ទោះបីស្ថិតក្នុងស្ថានភាព ការរីករាលដាលជំងឺកូរីដ-១៩ នៅបន្តមានក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការ រវាងកងទ័ព កម្ពុជា-ជប៉ុន នៅតែមានភាពរីកចំរើន គួរឲ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ គណៈប្រតិភូ ទៅវិញទៅមក រវាងកងទ័ពជើងគោក ជាមួយកងស្វ័យការពារជើង គោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការបណ្ដុះបណ្ដាល លើកកម្ពស់ធនធានមនុស្ស ពិសេសការចូលចតនាវា កងស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ។

សម្ដេចបញ្ជាក់ថា «ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុន នឹងជំរុញផែនការកិច្ច សហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង និង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព ជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល»។

សម្ដេចបន្ដថា ជាមួយគ្នានេះ កងស្វ័យការពារជើងទឹក ជប៉ុន នឹងបង្កើនចំនួននាវាកងទ័ព ស្វ័យការពារជើង ទឹកចូលចតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់ សមត្ថភាពលើជំនាញ ជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌ ។ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្ម របស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត ។

នាឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានជំនឿដែរថា ការចូលចត នៃនាវាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការ មួយដ៏សំខាន់ដែលនឹងរួមចំណែកសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

លើសពីនេះទៀត លោកទូត ក៏ស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលជំនះបានអតីតកាល ប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែក ជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយមានមោទកភាព ដែលជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។

សូមរំលឹកថា ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៩លើល ដែលមាននាវា សរុបចំនួន ២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹង កិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាព កងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្ដរាយ និងប្រឆាំងភេរវកម្ម៕

To Top