ព័ត៌មានជាតិ

សម្តេច សាយ ឈុំ ជឿជាក់លើទូតឡាវថ្មី បន្តប្រតិបត្តិការ ស៊ីជម្រៅជាមួយកម្ពុជា

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងការជឿជាក់លើលោក បូរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីឡាវ ប្រចាំនៅកម្ពុជាថា នឹងធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ បន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាមួយកម្ពុជា។

ក្នុងឱកាស អនុញ្ញាតឲ្យលោក បូរកែវ ភូមិវង្ស ចូលជួបជូនសារតាំង នាព្រឹកថ្ងៃ១៥ មីនា សម្តេច សាយ ឈុំ លើកឡើងថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតថ្មី នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត លើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឲ្យមានការផ្លាស់ប្តូរ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឲ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។

សម្តេចបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជាតិកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយលោក ឯកអគ្គរដ្ឋទូត ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទៅវិញទៅមក។

ចំណែក លោក បូរកែវ ភូមិវង្សសៃ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ។ លោកថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជួយឧបត្ថម្ភគាំទ្រ ដល់ឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាកសាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ លោកបញ្ជាក់ថា ឡាវគាំទ្រតួនាទីកម្ពុជា ជាប្រធានអាស៊ាន ៕

To Top