ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដ្ឋបាលឃុំ-សង្កាត់-ស្រុក បញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិត ទិញ-លក់ ដីរដ្ឋ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។
ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិ នៅរដ្ឋបាលខេត្តកែប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានថ្លែងថា «សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន»។
លោក បានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថាន ស្នើឲ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះ អាចនឹងប្រឈមមុខ នឹងវិធានការច្បាប់ថែមទៀតផង។
លោក បានបន្ដថា មានក្រុមជនខិលខូចមួយចំនួន បានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដី ឲ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋ ដើម្បីជាខែលក្នុងការតវ៉ា ជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដី ឲ្យខ្លួនថែមទៀតផង។ លោកបានអំពាវនាវ ដល់ក្រុមជនខិលខូច គួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋ ដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ៕