ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មិត្តជប៉ុន មិនត្រឹមតែជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ លោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន បានអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន។ លោក ក៏បានសាទរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។
លោក បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈលោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។ លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្វាគមន៍ចំពោះ នាវាជប៉ុនចំនួន ២គ្រឿង បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ ។
តាមប្រតិបត្តិការរក្សាសន្តិភាព PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា «តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចំរើនឡើង ហើយ ប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង»។
លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយ សម្ដេច បានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឲ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ៕