ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តពោធិ៍សាត់ សហការជាមួយសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពីឃាតកម្ម សម្លាប់ប្រពន្ធរបស់ខ្លួន ដោយកើតរោគប្រច័ណ្ឌហួងហែង នឹងនាងហួសហេតុពេក រួចរត់គេចខ្លួនទៅលាក់ខ្លួន នៅឯខេត្តពោធិ៍សាត់ អស់រយៈពេលជាច្រើនថ្ងៃ ទើបចូលខ្លួនមកទទួលសារភាពកំហុស នៅឯអធិការដ្ឋាននគរបាលស្រុកក្រគរ ។
អំពើឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ រ័ត្ន វិជ្ជា (ត្រូវជាប្តី) អាយុ៣៥ឆ្នាំ មានទីលំនៅ នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីកនែ្លងកំណើត នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកឯជនរងគ្រោះ មានឈ្មោះ ហ៊ាង ស្រីជាតិ (ត្រូវជាប្រពន្ធ) អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវជាប់ចោទពីបទ: ឃាតកម្ម និងបច្ចុប្បន្ននេះ ត្រូវបានសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តពោធិ៍សាត់ចាប់ខ្លួន និងប្រគលទៅឱ្យសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធី៕ ដោយ: លីហ្សា
