ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា។
ការប្រកាសនេះ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា, លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា, អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
លោក បន្ដថា ទោះបីមានការលុបចោលលក្ខខណ្ឌ តម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។
លោក បញ្ជាក់ថា ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕