ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំទៅទូតអាល្លឺម៉ង់ ឲ្យទៅមើលពលរដ្ឋរបស់ខ្លួន ដែលកម្ពុជាកំពុងជួយព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ មានប្រសាសន៍ជុំវិញជនភៀសខ្លួនដែលរត់គេច ពីសង្គ្រាមរវាងជម្លោះអ៊ុយក្រែន និងរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសយកវេទិកា សម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ផ្តាំផ្ញើឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង ទៅមើលពលរដ្ឋអាណាថា អាល្លឺម៉ងមួយរូប ដែលកម្ពុជា កំពុងជួយព្យាបាល និងសម្រាកនៅមន្ទីរពេទ្រកាល់ម៉ែត ។

ការយកវេទិកាខាងលើនេះ ផ្តាំផ្ញើទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង ត្រូវបានសម្ដេចតេជោ បញ្ជាក់ថាដោយសារតែ មិនមានការឆ្លើយតបមកវិញពីសំណាក់ទូតអាល្លឺម៉ង បន្ទាប់ពីមន្ត្រីមានសមត្ថកិច្ច បានជូនដំណឹងទៅហើយយ៉ាងណាក្តី ។

សម្តេចតេជោមានប្រសាសន៍ថា “ម្សិលម្ងៃរកឃើញ ជនជាតិអាល្លឺម៉ងមួយ អាណាថាពេញតែហ្នឹង ឥឡូវទូតអាល្លឺម៉ង់ មិនដឹងទៅសួរសុខទុក្ខហើយឬនៅ គ្នាដើរឈឺ ត្របៅជើងផងអីផង អត់មាន Passport (លិខិតឆ្លងដែន) អត់មានអីផង ឃើញគេបង្ហោះហ្វេសប៊ុក ខ្ញុំក៏ឲ្យគេតាមរក” ។

សម្តេចថា បន្ទាប់ពីរកឃើញជនអាណាថា ជាជនជាតិអាល្លឺម៉ងរួចហើយ ក៏បានយកទៅមន្ទីរពេទ្យកាលម៉ែត្រ ធ្វើការវះកាត់មុខរបួស ដែលជារបួសតាំងតែពីនៅអាល្លឺម៉ង ហើយបន្តសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ។

សម្តេចតេជោ មានប្រសាសន៍ថា “ប្រាប់ទៅទូតអាល្លឺម៉ង់ហើយ ទូតអាល្លឺម៉ង់មិនទាន់ទៅសួរសុខទុក្ខផង ប៉ុន្តែយើងចិត្តធម៌ គឺយើងជួយពលរដ្ឋបរទេស នៅប្រទេសរបស់យើង យើងត្រូវមើលការខុសត្រូវ” ។

សម្តេចបន្តថា “យាយចឹងក៏ដូចជាផ្តាំទៅអគ្គរដ្ឋទូតអាល្លឺម៉ងផងដែរ ព្រោះបានជូនដំណឹងតាមរយៈ ការទូត ឬតាមរយៈសមត្ថកិច្ចរបស់កម្ពុជាហើយ ប៉ុន្តែអត់ទាន់បានឃើញទូតអាល្លឺម៉ង់ ទៅសួរសុខទុក្ខពលរដ្ឋខ្លួនដែលដើរអាណាថា ដេកតាមចិញ្ចើមផ្លូវ ឥឡូកំពុងសម្រាក់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយនៅបន្ទប់វីអាយភីទៀត” ។

ដោយឡែក សម្រាប់ម្ហូបអាហារ ដេកពេទ្យអ្វីទាំងអស់ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា ខាងកម្ពុជាបានចេញឲ្យរួចហើយ ហើយត្រៀមទិញសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរ ត្រឡប់ទៅស្រុកវិញ ខណៈ ជនបរទេសរូបនេះ មិនមានលិខិតឆ្លងដែន ដែលតម្រូវឲ្យទូតសាម៉ី ចេញលិខិតឲ្យជាមុនសិន ។

ក្នុងនោះដែរ សម្តេចតេជោ បានបញ្ជាក់ថា បើទោះបីជាមន្ត្រីខាងក្រោម បានជូនដំណឹងទៅស្ថានទូតអាល្លឺម៉ង់រួចរាល់ហើយក្តី ក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបពីសំណាក់ស្ថានទូតមកវិញ ទើបបានជាសម្តេចផ្តាំផ្ញើលើវេទិកាតែម្តង៕

To Top