ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងរៀបចំបន្តធ្វើយុទ្ធនាការ ជាតិអប់រំ ការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ មីនា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន មិនបានបន្តយកចិត្តទុកដាក់អនុវត្ត ឬក៏អនុវត្តមិនបានត្រឹមត្រូវ មិនបានហ្មត់ចត់ និង ម៉ឺងម៉ាត់ នូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេសការជួបជុំគា្ន នៅតាមពិធីផ្សេងៗ មានការខ្វះខាត ឬមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ជាហានិភ័យខ្ពស់ នៃការចម្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងតែសកម្មចរាចរយ៉ាង ឆាប់រហ័ស នៅលើសកលលោក នៅក្នុងតំបន់ និងនៅក្នុង ប្រទេសកម្ពុជា ដែលតម្រូវឲ្យពលរដ្ឋខ្មែរ ចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងបន្តចូលរួមការពារ ព្រមទាំងឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩៕