ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកទឹកចិត្តមូលនិធិអាស៊ី (Asia Foundation) ស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation) នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ។
សម្ដេចតេជោ បញ្ជាក់ថា “សូមថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹងការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩ នឹងពេលដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញនេះ។
នាឱកាសនោះ លោក David Arnold បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់អង្គការ Asia Foundation នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹង និងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា ។
ក្នុងន័យនេះ លោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ៕