ភ្នំពេញ ៖ ខណៈសង្រ្គាមប្រដាប់ដោយអាវុធរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត ដោយគ្មានបន្ធូរដៃពីភាគីខាងណាមួយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សង្រ្គាមរវាងប្រទេសទាំង២នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមាន មកលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជំលោះនេះបន្តអូសបន្លាយទៅមុខ ។
ក្នុងឱកាសអញ្ជើញ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគីនៅថ្ងៃ១៨ មីនានេះ សម្តេចតេជោ បានលើកឡើងពីភាពមិនប្រាកដប្រជានៅបន្តមានក្នុងកម្រិតគួរឲ្យបារម្ភ ដោយសារការកើតមានឡើងនូវ បញ្ហាប្រឈមនានាផ្សេងទៀត ។
សម្តេចតេជោបន្តថា “ជាក់ស្ដែង ជំលោះរវាងអ៊ុយក្រែន-រុស្ស៊ី អាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើ កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជំលោះនេះបន្តអូសបន្លាយទៅមុខ។ ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ដើម្បីអាចរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឲ្យបានទាន់ពេល” ។
សូមបញ្ជាក់ថា ជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានកើតឡើងកាលពីថ្ងៃ២៤ កុម្ភៈកន្លងមកនេះ បានធ្វើប៉ះពាល់ផ្នែកដល់ប្រេងឥន្ទនៈ ធ្វើឲ្យតម្លៃកើនឡើងជាខ្លាំងនៅទាំងពិភពលោករួមទាំងកម្ពុជា ។ គិតមកដល់ពេលនេះ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធា នៅអ៊ុយក្រែនយ៉ាងណា ក៏ការវាយប្រហារនៅតែបន្ត ។ ជាក់ស្តែងកាលពីថ្ងៃ១៧ មីនា រុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសត្រូវចំរោងល្ខោនមួយក្នុងក្រុងម៉ារីយូប៉ូល ដែលមានប្រជាជនរាប់ពាន់នាក់កំពុងជ្រកការពារខ្លួនផងដែរ ៕