ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្ត ឲ្យព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុល ដែលយើងមាន ជាពិសេសវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ។

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ។ ក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រ និងព្រះរាជទាយាទ ជូនចំពោះសម្ដេចតេជោ ។
ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់ មកកាន់កម្ពុជា ដើម្បីពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស គឺប្រទេសទាំងពីរមានសក្តានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។

ជាការឆ្លើយតប សម្ដេចតេជោបានយល់ស្រប ជាមួយព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុលដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបាន ជោគជ័យនាពេលខាងមុខ ៕
