ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ ចរបស់លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ដោយបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រ រវាងកងទ័ពប្រទេសទាំងពីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់ នូវការរួមរស់ជាមួយ ប្រទេសជិតខាង ដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគត នឹងបន្តពង្រឹងពង្រីកប្រតិបត្តិការ ដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរទស្សនកិច្ច លើកដំបូងរបស់ខ្លួន បន្ទាប់ពីបានការតែងតាំង ជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។
លោកឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថា ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត លោកបានស្នើឱ្យកងទ័ពប្រទេសទាំងពីរ ត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយនោះ លោកក៏បានលើកឡើង ពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាល នាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ព ប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀង រវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ៕