ភ្នំពេញ៖ លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បានឱ្យដឹងថា ចិន នឹងនាំចូលអង្ករព្រមទាំងផលិតផលកសិកម្ម ឱ្យបានកាន់តែច្រើនជាងមុន ដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។
ការឱ្យដឹងពីសំណាក់មេដឹកនាំចិន បែបនេះធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារតាមទូរស័ព្ទ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ។
ក្នុងជំនួបនេះ គឺមានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។
លោក ស៊ី ជិនពីង បញ្ជាក់ថា «បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជានិងចិន បានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្ម មួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា»។
លោកប្រធានាធិបតី ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍ ទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងឱកាសនេះ លោកស៊ី ក៏បានប្រកាសផ្តល់ជំនួយជាថ្មី នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស។
លោកបញ្ជាក់ថា «ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ»។
លោកស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រ ផលិតវ៉ាក់សាំងនៅកម្ពុជា នាពេលខាងមុខផងដែរ។ លោក ក៏បានមានប្រសាសន៍ជំរុញ បង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន ឮនិងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២១នោះ លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទី ប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។
លោក ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណា ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។
លោកប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ មានសារៈសំខាន់ ក្នុងចូលរួមចំណែកដោះស្រាយ បញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួម ដំណោះស្រាយតាមផ្លូវអាស៊ាន។
ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោក ស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតប លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ហើយលោក ប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕