នយោបាយ

អាមេរិក កំពុងបញ្ឆេះឱ្យខ្មែរ ស្អប់ចិនកាន់តែខ្លាំង

ភ្នំពេញ៖ ដោយសង្កេតឃើញថា សហរដ្ឋអាមេរិកនៅតែបន្តរករឿងខ្មែរ មិនចេះចប់មិនចេះហើយ ទោះបីមានការបង្ហាញជាច្រើនលើកច្រើនសារ អំពីមូលដ្ឋានកងទ័ពជើងទឹករាម លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអះអាងថា សហរដ្ឋអាមេរិក កំពុងបញ្ឆេះឱ្យខ្មែរ ស្អប់ចិន។

ការលើកឡើង របស់លោក សយ សុភាព បែបនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល (អាស៊ីសេរី) បានបន្តវាយប្រហារ លើបញ្ហាកំពង់ផែរាម ដោយចោទថា «កម្ពុជាពុំបានបង្ហាញតម្លាភាព ឱ្យបានពេញលេញ ជាយូរមកហើយ អំពីតួនាទីរបស់កងទ័ពចិន នៅកំពង់ផែរាម»។

សូមរំលឹកថា ការចេញមករករឿង​លើមូលដ្ឋាន កងទ័ពជើងទឹករាម ជាថ្មីម្ដងទៀត ពីសំណាក់សហរដ្ឋអាមេរិក បែបនេះ បន្ទាប់ពីនាវាស្វ័យការពារជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ព្រមទាំងបានទស្សនកិច្ច នៅទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១៦ មីនា កន្លងទៅនេះផងដែរ។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក​ សយ សុភាព បានបង្ហោះនូវខ្លឹមសារ ថា «ទោះខំធ្វើល្អយ៉ាងណាក៏ដោយ អាមេរិក មិនបានបញ្ចូលខ្មែរ នៅក្នុងយុទ្ធសាស្ត្ររបស់គេទេ។ យើងសង្កេតច្រើនដងរាប់ឆ្នាំហើយថា អាមេរិក រករឿងគ្រប់បែបយ៉ាង ដើម្បីបំផ្លាញខ្មែរដោយចោទ បញ្ហាកំពង់ផែរាម តារាសាគរ បំរើឱ្យវិស័យយោធាចិន និង ចោទថាជាអន្ទាក់បំណុលចិន ជាដើម»។

លោក សយ សុភាព បញ្ជាក់ថា «ក្រៅពីនោះ អុចឱ្យខ្មែរដែលគេបណ្តុះឱ្យធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ លើសពីនេះបញ្ឆេះឱ្យខ្មែរស្អប់ចិន»

លោកថា ដូច្នេះបើបានអាមេរិក នៅតែរករឿងខ្មែរមិនឈប់ហើយ មានតែឱ្យមនុស្សរបស់អាមេរិក ដេកគុកបន្តទៀតទៅ។

លោក សយ សុភាព បន្ថែមថាបើអ្នកឯង បង្កហេតុមិនឈប់អញ្ជឹង អត់ពួកអ្នកឯង ក៏ខ្មែរនៅតែទៅមុខដែរ។ សំខាន់យើងរក្សាឱ្យបានស្ថេរភាព សន្តិភាព សម្រាប់ខ្មែរកសាងប្រទេស។

ដោយឡែកសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការធ្វើទំនើបកម្មលើមូលដ្ឋាន កងទ័ពជើងទឹករាម ក្នុងគោលដៅអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top