ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងពីស្ថានភាព នៅប្រទេសអ៊ុយក្រែន ដែលកំពុងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ប្រទេសរុស្ស៊ីថា ជាការឈ្លានពាន បង្កមហន្តរាយដល់មូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែ ជាឯកតោភាគីណាមួយ ចំពោះព្រំដែនដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង ។
យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរ បានរំលឹកថា ប្រទេសទាំងពីរបានចូលរួម ជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តលេខ A/RES/ES-11/1N ដែលត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ លើកទី១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២ ខែមីនា និងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីអ៊ុយក្រែន នៅថ្ងៃទី ២៦ ខែកុម្ភៈ និងទី៣ ខែមីនា ឆ្នាំ២០២២ ។
ក្នុងនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកទស្សនៈថា ការឈ្លានពាន ទៅលើរដ្ឋសមាជិកអង្គការ សហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ដែលហាមប្រើប្រាស់កម្លាំង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងទទួលស្គាល់ថា ការឈ្លានពាននេះ បង្កមហន្តរាយដល់មូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែ ជាឯកតោភាគីណាមួយ ចំពោះពំ្រដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។
ក្នុងស្មារតីដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីបទពិសោធន៍ផ្ទាល់ខ្លួនថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយគួរតែបន្តស្វែងរក ដំណោះស្រាយដោយសន្តិវិធី។
នាយករដ្ឋមន្ត្រីទាំងពីរ បានទទូចឱ្យមានការបញ្ឈប់ ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន និងបានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធ មហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរថា រាល់ការវាយប្រហារប្រដាប់អាវុធទៅលើ និងការគំរាមកំហែង ប្រឆាំងនឹងរោង-ចក្រនុយក្លេអ៊ែរ ដែលបង្កើតឡើង ក្នុងគោលបំណងសន្តិភាព គឺជាការរំលោភលើច្បាប់អន្តរជាតិ៕