ភ្នំពេញ ៖ ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្ច្រាស់ទិសចរាចរណ៍ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅមុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន កោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការផាកពិន័យ តាមច្បាប់ហើយ ។

ក្រោយកើតហេតុមក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទី អ្នកបើកបររថយន្តល្មើស ឈ្មោះ សែម វិបុត្រ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យ តាមច្បាប់នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ។
។

បើតាមចម្លើយសារភាព របស់បុរសជាម្ចាស់រថយន្តបើកបញ្ច្រាស់ទិសនេះ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកផ្សាយ ដោយសារដោយសារ កូនតូចរបស់គាត់ ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និង ផ្លូវមានការកកស្ទះចរាចរណ៍ផង ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្ត បើកបររថយន្ត បញ្រ្ចាស់ទិស ចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១និង៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាស់ទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទល់មុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ ស្លែ ពាក់ផ្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមក បើករថយន្តចូលផ្ទះបាត់ទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្ន រងចាំម្ចាស់ រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់៕
