ព័ត៌មានជាតិ

ប្រេសិតពិសេស ប្រធានអាស៊ាន ៖ ភាគីទាំងអស់ របស់មីយ៉ាន់ម៉ា មិនទាន់ត្រៀមខ្លួន សម្រាប់ចរចា បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា គ្រប់ភាគីទាំងអស់របស់មីយ៉ាន់ម៉ា មិនទាន់ត្រៀម និងរៀបចំខ្លួន សម្រាប់ការចរចាគ្នា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា តែផ្ទុយទៅវិញគ្រប់ភាគី នៅតែមានឆន្ទៈមោះមុត ក្នុងការប្រឈមមុខដាក់គ្នា ។

ក្នុងសន្និសីទសារព័ត៌មាន ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមកដល់កម្ពុជាភ្លាម ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មីនានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងចំណោមការព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច របស់ប្រមុខរដ្ឋ/ រដ្ឋាភិបាលអាស៊ាន ដែលបានសម្រេច នៅទីក្រុងចាកាតា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មានចំណុច៣ សំខាន់ដែលត្រូវអនុវត្តន៍ឲ្យបាន គឺការបញ្ចប់អំពើហិង្សា ការចែកជំនួយមនុស្សធម៌ និងការចាប់ផ្ដើមកិច្ចសន្ទនា ខាងនយោបាយ ។ លោកថា ចំណុចទាំង៣នេះ កំពុងស្ថិតនៅក្នុងដំណើរការទៅមុខ ហើយមិនមានចំណុចណាមួយ ត្រូវបានសម្រេចនោះទេ ។

ប្រេសិតពិសេសប្រធានអាស៊ាន សង្កត់ធ្ងន់ថា «ការបញ្ចប់អំពើហិង្សា ត្រូវការពេលវេលា ដូចខ្ញុំបានលើកឡើងថា ភាគីទាំងអស់មិនទាន់បានត្រៀមខ្លួន មិនទាន់បានរៀបចំខ្លួន ក្នុងការចរចាគ្នា ក្នុងការបញ្ឈប់ការវាយគ្នានោះទេ បើយើងស្ដាប់គ្រប់ភាគីទាំងអស់ទៅ គឺនៅតែមានឆន្ទៈមោះមុត ។ យើងបានអំពាវនាវឲ្យខាង ទីក្រុងណៃពិដោរ សម្ដែងនូវការអត់ធ្មត់ជាទីបំផុត កុំប្រើប្រាស់កម្លាំងយោធា នៅពេលណាមិនចាំបាច់» ។

ជាមួយគ្នានោះលោក ប្រាក់ សុខុន ក៏ស្នើផងដែរថា ចំពោះប្រជាជនស៊ីវិល សូមប្រើប្រាស់កម្លាំងប៉ូលិស ជាជាងប្រើកម្លាំងយោធា ដោយកម្លាំងយោធា គឺទុកប្រើតែក្នុងគោលដៅយោធា ។ លោកថា នាយឧត្ដមសេនីយ៍ មីង អោងឡាំង ក៏បានស្វាគមន៍ចំពោះ សំណើនេះដែរ ។

លោកបញ្ជាក់បន្ថែមថា ក្នុងចំណោមក្រុមជនជាតិភាគតិចជាង១២០ក្រុម នៅមីយ៉ាន់ម៉ា មានជិត ២០ក្រុមដែលជាក្រុមប្រដាប់អាវុធ ក្នុងនោះ ១១ក្រុមបានធ្វើការចរចា និងកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ជាមួយ ខាងក្រុមយោធាហើយ នៅសល់តែ ៧ក្រុមទៀត ដែលបន្តវាយ ។ លោកថា ការច្បាំងគ្នាមិនមែនទើបតែកើតឡើង មួយឆ្នាំឬពីរឆ្នាំទេ គឺកើតឡើងរាប់សិបឆ្នាំមកហើយ ដែលចាក់ឫសជ្រៅពេក មិនអាចប្រើពេល១ថ្ងៃ ១ខែ ឬ១ឆ្នាំ ដើម្បីដោះស្រាយបញ្ចប់បញ្ហាបានទេ ។

លោកថ្លែងថា សម្រាប់បញ្ហាជំនួយមនុស្សធម៌ គឺកំពុងដំណើរទៅមុខ ជាមួយនិងការសង្ឃឹមថា យ៉ាងហោចណាស់ឆ្នាំនេះ ក៏សម្រេចនូវភាគធំមួយ នៃចំណុចពាក់ព័ន្ធការ ចែកចាយជំនួយមនុស្សធម៌ ៕

To Top