ព័ត៌មានជាតិ

ទស្សនៈនិងមតិ ៖ បទបញ្ជាសម្ដេចតេជោ ឱ្យបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប នឹងលុបបំបាត់ការ អន្តរាគមន៍ ពីមន្រ្តីខិលខូច (Video)

ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យចុះបង្រ្កាប ក្រុមឈ្មួញទុច្ចរិត ដែលបំផ្លិចបំផ្លាញត្រី និងធនធានធម្មជាតិ នៅបឹងទន្លេសាប ប្រជាពលរដ្ឋទូទាំងនគរ បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ។

អ្នកវិភាគបានលើកឡើងថា បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី នឹងលុបបំបាត់ បាននូវការអន្តរាគមន៍ ពីសំណាក់មន្រ្តី ខិលខូច ដែលចូលដៃចូលជើង ជាមួយក្រុមឈ្មួញទុច្ចរិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះកន្លងអាជ្ញាធរ និងសមត្ថកិច្ចបង្រ្កាប ក្រុមឈ្មួញទាំង នោះមិនបាន ដោយសារតែមាន មន្រ្តីខិលខូចមួយ ចំនួនកាងបទល្មើស ។ ជាពិសេសនៅក្នុង ខេត្តបន្ទាយមានជ័យ អ្នកប្រព្រឹត្តបទល្មើសទន្រ្ទានដី ព្រៃលិចទឹករាប់រយហិកតា នៅបន្តរួចខ្លួន ខណៈការបង្រ្កាប បានត្រឹមអ្នកតូចតាចតែប៉ុណ្ណោះ ។

អ្នកវិភាគបានសង្កត់ធ្ងន់ថា កន្លងមកការបង្រ្កាបបទល្មើស នេសាទ បទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹក និងបទល្មើស ធនធានធម្មជាតិ គឺបង្រ្កាបបានត្រឹមតែកូន ចៅតូចតាចតែប៉ុណ្ណោះ ចំណែកអ្នកទទួលផលពីបទល្មើសពិតប្រាកដតែង តែរួចខ្លួន និង គេចផុតពី សំណាញ់ច្បាប់ ។

អ្នកវិភាគបានបង្ហាញការជឿជាក់ថា បទបញ្ជាដាច់ណាត់របស់សម្ដេចនាយករដ្ឋមន្រ្តី នឹងឈានទៅ ដល់ការបង្រ្កាប បានក្រុមឈ្មួញធំៗ និងអ្នកប្រព្រឹត្តបទល្មើស ពិតប្រាកដ ដើម្បីថែរក្សាការពារធនធានធម្មជាតិ ដ៏មហាសាលរបស់កម្ពុជា ទុកឱ្យកូនចៅជំនាន់ក្រោយ។

សូមរំលឹកថា ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញបទបញ្ជា ឱ្យអភិបាលខេត្ត មន្រ្តីជំនាញ និងកងកម្លាំងប្រដាប់ អាវុធត្រូវចុះស្រាវជ្រាវវែកមុខក្រុមឈ្មួញទុច្ចរិត ដែលបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប ដោយប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីចាប់ជនល្មើស ព្រោះជនល្មើសប្រើប្រាស់ កាណូតល្បឿនលឿន ជាងរបស់មន្ត្រីជលផល ៕

To Top