ព័ត៌មានជាតិ

រដ្ឋមន្រ្តី មេប៉ូលិស-ប៉េអឹម-ទាហាន បើកកិច្ចប្រជុំបន្ទាន់ដើម្បីចុះបង្រ្កាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញ នូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើស នេសាទនៅបឹងទន្លេសាប ។

កិច្ចប្រជុំនេះដឹកនាំពិភាក្សា ដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការអញ្ជើញចូលរួម ពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ខេត្តគោលដៅទាំងប្រាំ ហើយនិងអគ្គលេខាធិការទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។

ការបើកកិច្ចប្រជុំជាបន្ទាន់នេះ ក្រោយទទួលបទបញ្ជា របស៎សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ។

ដោយឡែពាក់ព័ន្ធទៅនឹងសេចក្ដីព្រាងច្បាប់ ស្ដីពីជលផល នៅលេខាធិការដ្ឋានគណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី៤ ជាមួយ លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្រ្ដីជំនាញ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ ស្ដីពីជលផល។

ជាលទ្ធផលដែលទទួលបានពីកិច្ចប្រជុំរួមមាន៖
ទី១/ អង្គប្រជុំបានឯកភាពលើជំពូកទី១ បទប្បញ្ញតិ្តទូទៅ ជំពូកទី២ ស្ថាប័នទទួលខុសត្រូវ និងជំពូកទី៣ ដែននេសាទ នៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។
ទី២/ ចំពោះជំពូកផ្សេងៗទៀត អង្គប្រជុំក៏បានឯកភាព ជារួមនូវខ្លឹមសា រនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ប៉ុន្ដែត្រូវធ្វើការកែសម្រួល នូវវាក្យស័ព្ទមួយចំនួន ឱ្យស្របទៅតាមទម្រង់នៃច្បាប់។
ទី៣/ ក្រុមការងារបច្ចេកទេស នឹងបញ្ចប់សេចក្ដីព្រាងច្បាប់ ស្ដីពីជលផលនេះ ឱ្យបានរួចរាល់ មុនថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ជូនថា ការរៀបចំសេចក្តីព្រាងធ្វើវិសោធកម្មច្បាប់ ស្តីពីជលផល ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ គឹយោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៦ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមលិខិត លេខ ១៣០៣ សជណ សរ។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យចុះបង្រ្កាប ក្រុមឈ្មួញទុច្ចរិត ដែលបំផ្លិចបំផ្លាញត្រី និងធនធានធម្មជាតិ នៅបឹងទន្លេសាប ប្រជាពលរដ្ឋទូទាំងនគរ បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង៕

To Top