ព័ត៌មានជាតិ

សម្តេចតេជោ ថាពិភពលោកទើប ស្រែករកសន្តិភាព ខណៈកម្ពុជាឲ្យតម្លៃសន្តិភាពខ្ពស់ ជាចម្បងរួចទៅហើយ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បរទេសលើកយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកនិយាយ និងរិះគន់កម្ពុជា នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ផ្ទុះឡើង ដល់ពេលមានសង្គ្រាម គេស្រែកសន្តិភាព ខណៈកម្ពុជាបានឲ្យតម្លៃខ្ពស់ ទៅលើសន្តិភាពជាចម្បងរួចទៅហើយ ។

ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ លើកឡើងថា មានប្រទេសជាច្រើន និងស្ថាប័នហិរញ្ញវត្ថុជាច្រើន បានវាយតម្លៃខុសចំពោះ ការរីកចម្រើនរបស់កម្ពុជា ដោយមិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍលឿននោះទេ ។

សម្តេចមានប្រសាសន៍ថា “ប៉ុន្តែយើងក៏បានឃើញទាំងអស់គ្នាហើយ ការអភិវឌ្ឍលឿនរបស់យើង មិនមែនបានមកដោយចៃដន្យទេ ហើយក៏មិនមែនធ្លាក់ពីលើមេឃដែរ ក៏ប៉ុន្តែបានមកពីការខិតខំ របស់យើងទាំងអស់គ្នា ជាពិសេសប្រជាជនកម្ពុជាបាន ខិតខំស្វែងរកសន្តិភាព ដោយខ្លួនឯង នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីអ៊ុនតាក់ចាក់ចេញពីកម្ពុជា សង្គ្រាមបានបន្សល់ទុកឲ្យយើង បន្តរវាងខ្មែរក្រហម ជាមួយនឹងរាជរដ្ឋាភិបាល ។ ចំណុចនេះ ជាចំណុចដែលតម្រូវឲ្យយើង ខិតខំស្វះស្វែងរកសន្តិភាពដោយខ្លួនឯង ហើយយើងបានឈានមកបញ្ចប់ នូវសង្គ្រាមទាំងស្រុង នាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាប្រវត្តិសាស្ត្រ របស់យើងជាច្រើនឆ្នាំ ។ នៅឆ្នាំ១៩៩៨ ឱកាសមាសឱកាសពេជ្រ បានមកដល់សម្រាប់យើង ក្នុងការកសាងប្រទេសជាតិរបស់យើង” ។

សម្តេចថែមទាំងបញ្ជាក់ហើយបញ្ជាក់ទៀតថា “នោះហើយជាកិច្ចខិតខំរបស់យើង តម្រូវការរបស់យើងមុនគេ គឺតម្រូវការសន្តិភាពនោះឯង” ។

សម្តេចបន្តទៀតថា “ឥឡូវនេះពិភពលោក កំពុងស្រែករកសន្តិភាពហើយ នៅពេលដែលមិនទាន់មានបញ្ហា គេមិនបាននិយាយអំពីបញ្ហាសន្តិភាពទេ គេសំបូរបែបនិយាយ អំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់យើង(កម្ពុជា) យើងក៏និយាយអំពីធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ប៉ុន្តែយើងឲ្យអទិភាពមុនគេ គឺសន្តិភាព បើគ្មានសន្តិភាពគឺគ្មានសង្ឃឹម គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ គ្មានការគោរពសិទ្ធិមនុស្ស រហូតទៅដល់មានការបំពានទៀតផង ។ ឥឡូវបន្ទាប់ពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែនកើតឡើង ប្រជាជនអ៊ុយក្រែន ឬប្រជាជនរុស្ស៊ី ឬប្រជាជននៅអឺរ៉ុប កំពុងតែភ័យខ្លាច ។ បើនៅអ៊ុយក្រែន គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពសង្គ្រាម ដែលធ្វើឲ្យប្រជាជនរាប់លាននាក់ ត្រូវភៀសខ្លួន ភៀសខ្លួននៅក្រៅប្រទេសផង និងភៀសសឹកនៅក្នុងប្រទេសខ្លួនផង” ។

សម្តេចតេជោ លើកឡើងទៀតថា “ឯបណ្តាប្រទេសនៅអឺរ៉ុប កំពុងព្រួយបារម្ភសង្គ្រាមរីករាលដាល ចឹងទេប្រធានាធិបតីរបស់អ៊ុយក្រែន បាននិយាយថា សន្តិភាពគឺជាអទិភាពធំបំផុត របស់អ៊ុយក្រែននៅពេលនេះ ប៉ុន្តែភាសានេះ ហ៊ុន សែន បាននិយាយជាប់រហូតមក គឺសន្តិភាពជាអទិភាពខ្ពស់បំផុតរបស់កម្ពុជា” ។

គួរឲ្យដឹងថា កម្ពុជា បានបញ្ចប់សង្គ្រាមពេញលេញ ទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៩៨មក និងបន្តមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ៕

To Top