ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំមន្ត្រីសម្រាប់បន្តវេនទៅថ្ងៃខាងមុខ គឺមិនចាំបាច់ត្រូវសួរថា មានអាយុប៉ុន្មាននោះទេ សំខាន់ឲ្យតែគេមានសមត្ថភាព ។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត គឺកុំចាំបាច់សួរថាអាយុប៉ុន្មាន សំខាន់បំផុតតើគេធ្វើបានឬអត់ រឿងវាឋិតនៅកន្លែងហ្នឹងទេ ប៉ុន្តែក្មេងក៏ត្រូវយល់ពីមនុស្សចាស់» ។
សម្ដេចតេជោបន្តថា ក្មេងមានចំណេះដឹង តែខ្វះបទពិសោធន៍ ឯមនុស្សចាស់អាចថាចំណេះដឹងខ្វះ តែសម្បូរបទពិសោធន៍ នេះជារឿងត្រូវផ្គុំគ្នា ដែលគេហៅថាស្ថានភាពបោះចំរុះរវាងគ្រប់ជំនាន់ ត្រូវនៅជាមួយគ្នា ។
សម្ដេចបន្ថែមថា ក្នុងជួរគណបក្សប្រជាជន មានចាប់ពីមន្ត្រីជំនាន់មុន និងក្មេងជំនាន់ក្រោយ ដែលអ្នកទាំងពីរនេះ ត្រូវរួមសហការគ្នា ដែលអ្នកចាស់មិនត្រូវមើលស្រាលទៅក្មេង ដែលមិនមានពិសោធន៍ ឯក្មេងក៏មិនត្រូវមើលស្រាល ទៅលើមនុស្សចាស់ ដែលជាធនធានមរតកនៃបទពិសោធន៍ ក្នុងគ្រប់ការងារ ។
សម្ដេចគូសបញ្ជាក់ថា ជាពិសេសទាក់ទងទៅនឹង ការគ្រប់គ្រងប្រទេសជាតិ គឺមនុស្សចាស់នេះជា ធនធានមនុស្សដ៏មានតម្លៃ ។ សម្ដេចថា និយាយយ៉ាងដូច្នេះ មិនមានន័យថា ថ្ងៃក្រោយត្រូវតែសួរយោបល់សម្ដេចនោះទេ ៕