ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា «សត្វខ្លា» នៅឆ្នាំក្រោយ មិនកាច

ភ្នំពេញ ៖ ខណៈឆ្នាំចាស់(ឆ្នាំឆ្លូវ)ផ្លាស់ចូលឆ្នាំថ្មី(ឆ្នាំខាល) ឈានចូលជិតមកដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយសង្ឃឹមថា សត្វខ្លានៅឆ្នាំក្រោយនេះ មិនជាកាចទេ ។ ក្នុងន័យនេះសម្ដេចតេជោ ចង់សំដៅទៅលើ ឆ្នាំខាលដែលនឹងខិតជិតមកដល់ ហើយឆ្នាំខាលគឺតំណាង «សត្វខ្លា»។

ការលើកឡើងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ក៏ដូចជាពិភពលោកបានជួបប្រទះទៅនឹងជំងឺរាតត្បាតកូវីដ១៩ ដែលបណ្ដាលឲ្យមនុស្សជាច្រើនលាននាក់បានស្លាប់ និងពិធីជាប្រពៃណីមួយចំនួនរបស់បណ្ដាប្រទេសក្នុងសកលលោក ត្រូវបានខកខានមិនប្រារព្ធ ដោយសារតែមេរោគចង្រៃនេះ។

ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា «ហើយឆ្នាំនេះ យើងឆ្លងពីឆ្នាំឆ្លូវទៅដល់ឆ្នាំខាល សង្ឃឹមថាសត្វខ្លានៅឆ្នាំក្រោយនេះ មិនជាកាចទេ។ ឥឡូវឆ្លូវប៉ុន្មានថ្ងៃទៀតចូលដល់ខ្លា ខ្លាហើយចូលដល់ទន្សាយ ទន្សាយហើយចូលដល់នាគ ហើយនាគនេះឆ្នាំខ្ញុំហើយ ។ ខ្ញុំអត់ឆុងជាមួយឆ្នាំណាទាំងអស់ព្រោះខ្ញុំឆ្នាំនាគរាជ»។

ជាមួយគ្នានេះ សម្ដេចសង្ឃឹមថា ចូលឆ្នាំថ្មីនេះសប្បាយរីករាយជាមួយនឹងកិច្ចការពារឲ្យបានល្អនូវសន្តិសុខតាមមូលដ្ឋាន បង្កលក្ខណៈសម្បត្តិសប្បាយរីករាយឲ្យប្រជាជន បណ្ដាខេត្តនិងមូលដ្ឋានត្រូវរៀបចំពីឥឡូវ ។ ខាងផ្នែកវិស័យទេសចរណ៍ក៏ណែនាំ ទៅដល់វិស័យទេសចរណ៍តាមផ្នែកនានាគ្រប់ទីកន្លែង ដើម្បីឲ្យគេត្រៀមរៀបចំ ព្រោះអ្នកទៅលេងនៅតាមមូលដ្ឋាននានាក៏មានច្រើន៕

To Top