ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលសិក្ខាសាលាច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមសរុប ចំនួន ៣៧៧រូប រួមមាន មន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកចំនួន ១៤៧ផងដែរ។

ជាមួយគ្នានេះដែរ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង សមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបញ្រ្ជាបការយល់ដឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ធានាចូលរួមអនុវត្តច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force FATF) ក្នុងការចូលរួមការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ឱ្យមានប្រសិទ្ធភាព។

សិក្ខាសាលានេះបានចែករំលែកនូវខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ផ្តោតលើការគេចវេស និងទោសប្បញ្ញត្តិ និងការអនុវត្តសេចក្តីសម្រេចចិត្ត ដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទទ្ទឹមនេះ សិក្ខាកាមក៏បានពិភាក្សាផ្លាស់ប្តូរ យោបល់លើខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត នីតិវិធី នៃការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចជាបុគ្គលរាយការណ៍ផងដែរ។

ជាលទ្ធផល សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ បានយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសបែបបទ នីតិវិធី នៃការអនុវត្ត និងកាតព្វកិច្ច នៃស្ថាប័នត្រួតពិនិត្យបុគ្គលរាយការណ៍ ដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ព្រមទាំងបានលើកទឹកចិត្ត ដល់សិក្ខាកាមឱ្យជួយផ្សព្វផ្សាយបន្តឱ្យកាន់តែ ទូលំទូលាយដល់សហការី និងសាធារណជន សំដៅចូលរួមអនុវត្តប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

To Top