ភ្នំពេញ៖ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងប្រទេសកម្ពុជា កំពុងនិងបានដំណើរការយ៉ាងរលូន និងទទួលបានការសាទរ ពីសំណាក់បណ្ដាប្រទេសជាច្រើននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់និងស្នើឲ្យប្រជាពលរដ្ឋរក្សាភាពនឹងនរ កុំភ័យខ្លាចចំពោះមតិលើកឡើង បែបអកុសលថា ការចាក់វ៉ាក់សាំងនឹងបង្កើតឲ្យមានបញ្ហាទៅថ្ងៃខាងមុខ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានមានប្រសាសន៍ថា «ការលើកឡើងណាមួយ ទាក់ទិនទៅនឹងការឃោសនា អកុសល វាជារឿងឥតប្រយោជន៍ ខ្លះដូចជាលើកឡើងថា ការចាក់វ៉ាក់សាំងនឹងបង្កើតឲ្យមានបញ្ហាទៅថ្ងៃក្រោយ។ ខ្ញុំមិននឹកស្មានថា តើមានមនុស្សប្រភេទ ដែលនិយាយបែបនេះ ។ នៅលើពិភពលោក ចាក់រាប់ពាន់លាននាក់ ចឹងអារាប់ពាន់លាននាក់នឹង វាមិនទៅតែប្រជាជន ១៤ ៨០០ ០០០នាក់ ដែលបានចាក់វ៉ាកសាំងនៅកម្ពុជានោះទេ វាទៅទូទាំងពិភពលោក »។
សម្ដេចតេជោបញ្ជាក់ថា «នេះគ្រាន់តែជាការបំភ័យ ហើយការបំភ័យនេះយើងមានរួចទៅហើយ តាំងពីដូសទី១ រហូតដល់ដូសទី១៤ ៨០០ ០០០នាក់ជាង នៅតែបន្តតាមបំភ័យ តែខ្ញុំស្នើឲ្យប្រជាពលរដ្ឋយើងនឹងនរ ហើយទទួលយកនូវវិធានការការពារ ជាមួយនឹងការទទួលយកការចាក់វ៉ាក់សាំង ដែលពេលនេះយើងកំពុងបន្តជំរុញវ៉ាក់សាំង ដូសទី៣និងទី៤ (ដូសជំរុញ) ហើយនិងចាក់ឲ្យកូនក្មេង»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក៏បានណែនាំឲ្យតាមដានជាប់នូវការប្រែប្រួលទាំងឡាយ នៅក្នុងពិភពលោក និងជុំវិញកម្ពុជា ទាក់ទិនទៅនឹង មេរោគបំប្លែងថ្មី ក្រៅពីអូមីក្រុង ដែលគេហៅថា ជំងឺទំនើបនេះ វាប្រែខ្លួនទៅជាអ្វីទៀត។
សម្ដេចតេជោបញ្ជាក់ថា «អ្វីដែលជាកង្វល់របស់យើង យើងនៅតែគិតគូរអំពី ទាក់ទិនទៅនឹងតើថាមេរោគបំប្លែងថ្មី ក្រៅពីអូមីក្រុង ដែលគេហៅថា ជំងឺទំនើបនេះ វាប្រែខ្លួនទៅជាអ្វីទៀត នោះហើយជាបញ្ហាត្រូវតាមដានឲ្យជាប់នូវការប្រែប្រួលទាំងឡាយ នៅក្នុងពិភពលោក និងជុំវិញប្រទេសរបស់យើង នៅវៀតណាម ថៃ ឡាវ កំពុងតែកើតជំងឺកូវីដ១៩»។
សម្ដេចបន្ថែមថា «ប៉ុន្តែយើងមិនបានមើលស្រាលជាមួយនូវអ្វី ដែលកំពុងកើតក្នុងប្រទេសរបស់យើង ធូស្រាលប៉ុន្តែយើងនៅតែប្រឹងប្រែងតាមដានពិនិត្យអំពីបញ្ហានេះ ត្រូវតាមដានការវិវត្តឲ្យជាប់»។
ទាក់ទងទៅនឹងការឆ្លងដែនចូលកម្ពុជា សម្ដេចកបានបញ្ជាក់ជាថ្មីថា កម្ពុជាបានលើកលែងគោលការណ៍ច្រើនណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគ មកកាន់កម្ពុជា។
ដោយឡែកចំពោះពលរដ្ឋខ្មែរ ធ្វើដំណើរមកពីថៃ មិនទាន់បានចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនៅតែបន្តឲ្យធ្វើចត្តាឡីស័ក១៤ ថ្ងៃដដែល ក្នុងនោះសម្ដេចបានឲ្យដឹងថា មកដល់ពេលនេះ មានពលរដ្ឋខ្មែរជាង១ពាន់នាក់ បាននិងកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ ៕