ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ ត្រូវសរសេរឲ្យច្បាស់លាស់ ចៀសវាងកំណត់ថ្លៃខ្ពស់ហួសហេតុ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានណែនាំថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់លាស់ដាក់ក្នុងតារាង ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ឋយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ ឬកម្មវិធីកម្សាន្តសប្បាយផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីទៅតាមលទ្ធភាពជាក់ស្តែង។

ក្រសួង បន្ដថា ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន នឹងម៉ឹងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាបតិបត្តិ អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រសួងទេចរណ៍ បានបញ្ជាក់ថា «ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថានអនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្ងៃនៃការស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕

To Top