ព័ត៌មានជាតិ

មេទ័ពកម្ពុជា៖ នយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្តេចតេជោ គឺជាមរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី២ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ មីនានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រយៈពេលជាង២៣ឆ្នាំមកនេះ ដែលកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពទឹកដី បន្ទាប់ពីការបែកបាក់ជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា «នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះ ឈ្នះនេះហើយ នាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន» ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហានត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ៕

To Top