ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គិតមកដល់ពេលនេះ បានបញ្ចប់ការសាងសង់ ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ដើម្បីឲ្យពិធីសម្ពោធនេះ ដំណើរការដោយរលូន នៅរសៀលថ្ងៃទី២៩ មីនាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងក្រុមហ៊ុនទទួលម៉ៅការ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅទីតាំងនៃពិធី ដែលស្ថិតនៅខាងលិច ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយមន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ត្រូវសំអាតការងារ ដែលនៅសេសសល់ ដូចជាសំអាតដី កំទេចកំទី អោយបានស្អាត់ ពោលគឺដល់ថ្ងៃនៃការចាប់ផ្តើមពិធី គឺស្អាតទាំងអស់តែម្តង ។ បន្ថែមពីនេះ ការពង្រឹងលើការងារ រៀបចំសណ្តាប់ធ្នាប់ និងការងារសន្តិសុខ ក៏ត្រូវបាន លោក ឃួង ស្រេង ណែនាំអោយអនុវត្ត អោយបានល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុន វិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ ប្រមាណ ២២លានដុល្លារអាមេរិក។
ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចអតីតរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕