ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ កំពុងកើនឡើងជាថ្មីទៀត នៅត្រីមាសទី១ ឆ្នាំ២០២២ ខណៈគ្រោះថ្នាក់សង្គមផ្សេង ដូចជា ៖ គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ ថយចុះយ៉ាងខ្លាំង។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២ មក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានកែប្រែ ឬវិសោធនកម្មជាបន្តបន្ទាប់ រាល់ពេលកែប្រែ ឬវិសោធនកម្ម រាជរដ្ឋាភិបាល តែងតែបានទុកឱកាសធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមគ្រប់រូបភាព ក្នុងរយៈពេលពី ៦ខែ ទៅ១ ឆ្នាំដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា មុនមានការអនុវត្តច្បាប់ថ្មី។
សម្ដេចបន្ដថា សម្រាប់សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក រាប់សែនក្បាល បានចែកឥតគិតថ្លៃ រួមទាំង ខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។
សម្ដេចបន្ថែមថា ឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុក បានបណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ដែលជាការបាត់បង់ ឬជាសោកនាដកម្មដ៍ធំធេងរបស់កម្ពុជា ក្នុងស្ថានភាពដែលយានយន្តមានកំណើនខ្ពស់ផងដែរ។ ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់យកគោលការណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។
សម្ដេច រៀបរាប់ថា បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ២ឆ្នាំ (២០២០-២០២១) ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ រយៈពេល ២ឆ្នាំនេះ បានសង្គ្រោះជីវិតប្រជាពលរដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ ៨០០នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០នាក់។
សម្ដេចបន្ដទៀតថា «ប៉ុន្តែទោះយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមយូរអង្វែង។ រាល់ថ្ងៃចំនួនអ្នកស្លាប់ជាមធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀត នាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ កំពុងថយចុះយ៉ាងខ្លាំង»។
សម្ដេច ស ខេង ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យក្នុងការបើកបរ។ សម្ដេច ក៏បានរំលឹកដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តទាំង២៥ បន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យបានជោគជ័យតាមទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ៕