ព័ត៌មានជាតិ

តុលាការកំពូលបង្វិលសំំណុំរឿង ពិរុទ្ធជនគ្រឿងញៀនជនជាតិចិននិងខ្មែរ ៤នាក់ទៅកាន់តុលាការឧទ្ទរណ៍ ដើម្បីជំនុំជម្រះឡើងវិញ ជាប់ពាក់ព័ន្ធនឹងការផលិតកែច្នៃ និង ជួញដូរគ្រឿងញៀនជិត ៥៥ គីឡូក្រាម

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា លើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទជនជាតិចិន ចំនួន ៣ នាក់ និង ខែ្មរម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ពួកគេ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត៥៥ គីឡូក្រាម ប្រព្រឹត្ត ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៥។

តុលាការកំពូល ក៏បានសម្រេច បង្វិលសំណុំរឿងក្តីខាងលើនេះ ទៅកាន់ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សារជាថ្មី ឡើងវិញ ពីព្រោះ នៅមានចំណុចស្រពិចស្រពិល ជាច្រើន ដែលតុលាការថ្នាក់ក្រោម មិនបាន យកមកពិចារណា និង ដោះស្រាយ។

លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការ ថា ជនជាប់ចោទទាំង៤នាក់មានឈ្មោះ ៖ ទី១- ឈ្មោះ លីវ ស៊ឺ ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខែ្មរ, ទី២-ឈ្មោះ តឹង យ៉ាងភីង ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិចិន , ទី៣- ឈ្មោះ លី យ៉ុន ហៅចៃ ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិចិន, និង ទី៤- ឈ្មោះ ដំា ញ៉ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិចិន។

ពួកគេទាំង៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៦ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ។

ពួកគេត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: ផលិតកែច្នៃ និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៣៩ និង ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បាន តម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពួកគេ ក៏បានប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខC១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង នៅខេត្តស្ទឹងត្រែង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វតាមីន ទម្ងន់សរុប ៥៤.៥៩៩,៦០ ក្រាម ( ជិត ៥៥ គីឡូក្រាម) និង សារធាតុគ្រឿងញៀន មួយចំនួនធំទៀត ពីពួកគេ៕ ដោយ: លីហ្សា

To Top