ព័ត៌មានជាតិ

សម្តេចតេជោ ៖ មានអ្នកនិយាយថា ហ៊ុន សែន ត្រូវវៀតណាមចាក់ថ្នាំនៅឆ្អឹងខ្នង គេចង់ឲ្យស្លាប់ថ្ងៃណា គឺស្លាប់ថ្ងៃនោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មានមនុស្សខ្លះបាននាំគ្នានិយាយថា ហ៊ុន សែន ត្រូវបានខាងភាគីវៀតណាមចាក់ថ្នាំនៅឆ្អឹងខ្នង ដែលគេចង់ឲ្យស្លាប់ថ្ងៃណា គឺស្លាប់ថ្ងៃនោះហើយ ។ តែសម្តេចបានតបទៅវិញថា អ្នកដែលនិយាយពីសម្តេចនេះ សូមឲ្យសុខភាពល្អចុះ ព្រោះសម្តេចអត់មានបញ្ហាអី្វទេ

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចរំលេចថា ធ្វើជាអ្នកធំមិនមែនស្រួលទេណា ជាមនុស្សឯកោ សូម្បីតែឈឺក៏គ្មានសិទ្ធិឈឺផង ទោះបីជាឈឺបន្តិចបន្តួចក៏ប្រឹងមកចូលរួមកម្មវិធីនានាដែលជាត្រូវការអត់មិនបាន ។

សម្តេចថា សូម្បីតែធ្វើសម្តេចធ្វើចត្តាឡីស័ក្តក៏ត្រូវប្រកាសប្រាប់ប្រជាពលរដ្ឋដែរ ដើម្បីឲ្យឆ្ងល់ថា បាត់សម្តេចទៅណា ។ សម្តេចបញ្ជាក់ថា “វរៗស្លាប់បាត់ ព្រោះគេប្រកាសថា ខ្ញុំស្លាប់បាត់តាំងពីដើម មនុស្សខ្ញុំ ក្លែងក្លាយតើ ព្រោះមានអ្នកអះអាងថា ខ្ញុំជាមនុស្សក្លែងក្លាយតើ…ជាង១ឆ្នាំហើយ” ។

សម្តេចក៏បានរំលឹកពីអ្នករិះគន់សម្តេចអំពីការណ៍វៀតណាមចាក់ថ្នាំលើសម្តេច ។ ក្នុងនោះសម្តេចបញ្ជាក់ថា “រហូតដល់គេថា មានអ្នកដឹងទៀត គេថា លោកហ៊ុន សែន ហ្នឹងត្រូវបានវៀតណាម ចាក់ស្អីមកលើឆ្អឹងខ្នង ។ អីចឹងគេចង់ឲ្យងាប់ពេលណា គឺងាប់ពេលហ្នឹង វាទៅជាអីចឹងទៅ ឱព្រះអើយព្រះ ប៉ុន្តែមិនអីទេ អ្នកថាឲ្យខ្ញុំនោះ សូមយកចិត្តទុកដាក់លើសុខភាពខ្លួនឯងឲ្យល្អទៅ ប្រសើរជាងយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ” ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែម ដូច្នេះកុំបារម្ភពីសម្តេច ព្រោះសម្តេចមានក្រុមវេជ្ជបណ្ឌិតជំនាញៗនៅប្រចាំការជាប់ជានិច្ច ៕

To Top