ស្វាយរៀង ៖ កម្មករកម្មការិនី រោងចក្រជិត២០នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកហែម សមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក Hyundai ចំណុះ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹកកម្មករកម្មការិនី រោងចក្រចំនួន៦៨នាក់ ធ្វើដំណើរពីទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះ ។

លោកបានឲ្យដឹងទៀតថា លុះមកដលចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករកម្មការិនីរោងចក្រ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់ បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ ខាងត្បូង បណ្តាលឲ្យមានអ្នករបួសធ្ងន់ ស្រាលជិត២០នាក់ ប្រុស១នាក់ របួសធ្ងន់២នាក់ស្រី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូន អ្នករងរបួសទៅកាន់មន្ទីរពេទ្យ ស្រុកស្វាយទាបដើម្បីសង្គ្រោះ។

លោកបានបញ្ចាក់ថា អ្នកបើកបររថយន្តមានឈ្មោះ ម៉ឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបរ រថយន្តដឹកកម្មករ គ្មានរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន វត្ថុតាង(រថយន្ត) បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួន ដោះស្រាយ ចំណែកអ្នករបួសធ្ងន់២នាក់ នៅសម្រាកព្យាបាលមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ចំណែកអ្នករងរបួសស្រាល បានវិលត្រឡប់មកផ្ទះវិញអស់ហើយ ៕

