ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការអធ្យាស្រ័យ និងយោគយល់ពីសាសនិកខ្មែរឥស្លាមដែលកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ទី៨ និងទី៩ ឆ្នាំ២០២២នេះ ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ ។


តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន និងភរិយា បានចូលរួមអបអរសាទរ និងជូនពរជ័យសិរីសួស្ដី សុភមង្គល ជូនដល់សាសនិកខ្មែរឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ។ នៅកម្ពុជា អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៣ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានផ្ញើក្តីនឹករលឹក និងអរគុណចំពោះខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមការអធ្យាស្រ័យសុំការយោគយល់ ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ទី៨ និងទី៩ ឆ្នាំ២០២២ នេះត្រូវបានផ្អាក ដោយសារជំងឺកូវីដ១៩ មិនទាន់ទៅឆ្ងាយពីយើងនៅឡើយ ។ តែរាជរដ្ឋាភិបាលបានអនុញ្ញាត ការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កើនការអនុវត្តតាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃ សាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺ ដ៏កាចសាហាវនេះឡើយ”៕
