ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ កងទ័ពជើងគោក ប្រទេសទាំងពីរ (Video)

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online ជាមួយនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ។ ភាគីទាំងបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន” ។

ការចុះហត្ថលេខានេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែង រវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកសារនេះ គឺជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឲ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ។ ព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរ ផងដែរ ។

សម្រាប់ជំនួបរវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ លីវ ចេន លី នេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យដែលនាំមកផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើងតាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ កន្លងមក ។

ភាគីទាំងពីរ ក៏គូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ៕

To Top