ភ្នំពេញ ៖ សារយ៉ាងខ្លី ដែលមានន័យថា “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ” កាលពីថ្ងៃ ៣០ មីនា គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នក ដែលនិយមប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នោះ បានរកមុខអ្នកសរសរ និងបានដឹងពីមូលហេតុ នៃអ្នកសរសេរហើយ ។
អ្នកសរសេរនោះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកមាន ឈ្មោះ សេង ហឺ អាយុ ៧២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ដែលបានសរសេរដាក់នៅមុខផ្ទះ ហើយភ្ជាប់ទាំងលេខទូរស័ព្ទផងដែរ ក្នុងបំណងចង់ឲ្យ សមត្ថកិច្ចនគរបាល កោះអញ្ជើញរូបគាត់ មកធ្វើការសាកសួរ អំពីមូលហេតុ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ១ មេសា ។
មូលហេតុចង់ឲ្យសមត្ថកិច្ចសួរនាំនោះ ត្រូវបាន សេង ហឺ អាយុ បញ្ជាក់នៅថ្ងៃ៣១ មីនា នៅពេលនគរបាលសណ្តាប់ធ្នាប់រួមគ្នា ជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញមកបំភ្លឺថា ការសរសេរនេះ មិនមានបំណងអាក្រក់អ្វីទេ គ្រាន់តែចង់មានសំណូមពរ ៖ ១-សូមឲ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាត ឲ្យមានការធ្វើចរាចរណ៍ទៅមក នៅលើស្ពានខាងមុខសាលា ខេត្តបាត់ដំបង ជាធម្មតា ព្រោះសព្វថ្ងៃស្ពាន ទាំងពីរនោះ អនុញ្ញាតឲ្យធ្វើដំណើរជាផ្លូវ (ឯកទិស) ។
២-សូមឲ្យសមត្ថកិច្ច នគរបាលចរាចរណ៍ ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួប ទំនាក់ទំនង ជាមួយមហាជនទូទៅ បំពេញភារកិច្ចប្រកប ដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរស់រាយរាក់ទាក់ និង សុំឲ្យអនុគ្រោះ លើកលែង ចំពោះអ្នកប្រព្រឹត្តល្មើស នឹងច្បាប់ចរាចរណ៍ តែមិនមានប្រាក់បង់ សម្រាប់ការផាកពិន័យ ។
៣-សូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ចៀសវាងកំហុសឆ្គងនាំ ទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ ដោយត្រឹមត្រូវ ហើយនោះពិតជាមិនមាន កំហុសនោះទេ ហើយបើមិនមានកំហុស សមត្ថកិច្ចនគរបាល ក៏មិនអាចធ្វើការផាក ពិន័យបានដែរ ។
នៅពេលសមត្ថកិច្ច បានជួបធ្វើការសាកសួរ និងលើកសំណូមពរបែបនេះ រួចហើយលោក សេង ហឺ បានដកចេញស្លាកអក្សរ ដែលបានសរសេរនោះវិញ ហើយលុបចោលខ្លឹមសារឃ្លីប វីដេអូ ដែលក្រុមគ្រួសារគាត់ បានផ្សព្វផ្សាយតាមបណ្តាញសង្គម ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង តែងតែរំលឹកដាស់តឿន ជាប់ជាប្រចាំ ចំពោះមន្រ្តីនគរបាល បំពេញភារកិច្ច ហើយមានទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅរក្សា ឲ្យបានពាក្យសំដី អាកប្បកិរិយា សីលធម៌ឲ្យបានល្អ សក្តិសមជាមន្រ្តីអនុវត្តច្បាប់ អនុវត្តនូវជំនាញ វិជ្ជាជីវៈនគរបាលជាតិ ធ្វើយ៉ាងណាកុំឲ្យបង្ក គុណវិបត្តិដល់មហាជន ។ ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំ រំលឹកជាប្រចាំយ៉ាងណាក្តី យូរៗម្តងបានកត់សម្គាល់ឃើញថា នៅមានបញ្ហាអសកម្ម ដែលលេចឡើង ពីមហាជន ដោយសារមន្រ្តី នគរបាលមួយចំនួនតូច អនុវត្តមិនទាន់បានល្អប្រសើរនៅឡើយ ។ បញ្ហានេះ ថ្នាក់ដឹកនាំនៅតែបន្តខិតខំ អប់រំណែនាំបន្ថែមទៀត ឬករណី មិនមានការកែប្រែ ថ្នាក់ដឹកនាំនឹងចាត់វិធានការ ស្របតាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ចំពោះមន្រ្តីនគរបាលរូបនោះ ៕