ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាល តែងយកចិត្តទុកដាក់ គិតគូរពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយ របស់សម្តេចទាំងពីរ មានប្រមាណជិត ៥,០០០ ខ្នង ហើយក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏តែងបានផ្តល់អាទិភាព លើកត្តាមនុស្ស ដោយបានណែនាំ ឱ្យមានការយកចិត្តទុកដាក់ លើការពង្រឹងប្រព័ន្ធអប់រំ នៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា ការសម្ពោធ គឺជានិមិត្តរូប​​ នៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែង នៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាព នៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការ របស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើន ទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿន នៃបច្ចេកវិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរ ក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើស ក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ ទន្ទឺមគ្នានេះ ការទទួលបានឱកាស នៃការអប់រំស្មើគ្នា សម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយ ដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍ រីកចម្រើនជឿនលឿន ដូចដែលកើតមានឡើង ក្នុងពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការអប់រំ គឺជាតម្រូវការ ជាមូលដ្ឋានចម្បងបំផុត របស់ប្រជាពលរដ្ឋ ទាំងនៅទីក្រុងនិងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗ បានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមាន កម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូ ដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបាន សមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទ គោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើន ទាំងផ្អែកទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សា នៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបញ្ជាក់ទៀតថា ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយ នៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់ លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹង អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍ នៃការរីកចម្រើនជឿនលឿន ផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់ នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវ ចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗ ក្នុងបណ្តាញអ៊ីនធើណេតជាដើម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងទៀតថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យអប់រំ តាមគ្រប់លទ្ធភាព និងក៏បានបើកចំហរ ឱ្យមានការចូលរួម របស់វិស័យឯកជនផងដែរ សំដៅបង្កើនការប្រកួតប្រជែង នៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជា កំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ច បែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់ នូវធនធានមនុស្សជំនាញបច្ចេកទេស។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឡើងធ្វើរបាយការណ៍ស្វាគមន៍ និងលើកឡើងពីការរីកចម្រើន ក្នុងរាជធានីភ្នំពេញ ជាពិសេសលើវិស័យអប់រំ ក្រោមការផ្ដល់សមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចទាំងពីរ សម្រាប់ក្មួយៗ សិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ៕

To Top