ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំក្រសួងពាណិជ្ជកម្ម ត្រូវពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្ដុកប្រេងឥន្ធនៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។
ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ណែនាំដល់ក្រសួងពាណិជ្ជកម្មត្រូវពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញនេះ»។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះបានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១ ដល់ទី១០ មេសា សាំងធម្មតាគឺតម្លៃ ៥.២៥០រៀល ក្នុងមួយលីត្រ ខណៈម៉ាស៊ូតនៅរក្សាតម្លៃដដែលគឺ ៥.៣០០រៀល ក្នុងមួយលីត្រ៕





