ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអាជ្ញាធរ ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ នាឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួង ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ»។

សម្ដេចតេជោ បានណែនាំបន្ថែមថា អាជ្ញាធរបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូ បដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ជារៀងដរាបតទៅ៕

To Top