ភ្នំពេញ៖ ស្របពេលដែលប្រេសិតពិសេស UNបង្ហាញពីកិច្ចខិតខំប្រឹងប្រែងស្វែងរក ដំណោះស្រាយលើបញ្ហាភូមា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជា និងUNមានចំណុចរួមគ្នាគឺជួយស្វែងរកសន្តិភាពជូនប្រជាជនមីយ៉ាន់ម៉ា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាមីយ៉ាន់ម៉ា បានគោរពជំរាបសម្តេចតេជោនូវកិច្ចការ ដែលលោកស្រីបានធ្វើនារយៈពេល៣ខែកន្លងមក ក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជារួមមាន ការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាមរយៈបង្កើតក្របខណ្ឌពហុច្រកឈរលើមូលដ្ឋានទស្សនទានរង្វង់៣ ស្រទាប់ ស្រទាប់ទី១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ស្រទាប់ទី២គឺដំណើរការដឹកនាំដោយសហគមន៍តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួម និងស្រទាប់ទី៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច ។
លោកស្រី Noeleen Heyzer បានមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពី ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានទេ គឺ១) ផ្ដោតការខិតខំទៅលើការផ្តល់ជំនួយមនុស្សធម៌ ទី២)ពីរការការពារប្រជាជន និងទី៣) វិលទៅរកការគ្រប់គ្រងស៊ីវិលដែលជាការចាំបាច់ត្រូវមានការកសាងទំនុកចិត្ត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែនបានប្រាប់ លោកស្រី Noeleen Heyzer ថា«យើងមានចំនុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការ និងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន»៕