ព័ត៌មានជាតិ

អូស្រ្តាលីប្រកាស ផ្ដល់ទូត្រជាក់៣៣គ្រឿង ដល់កម្ពុជាសម្រាប់រក្សាវ៉ាក់សាំងPfizer 

ភ្នំពេញ៖ប្រទេសអូស្ត្រាលី បានប្រកាសផ្ដល់ទូត្រជាក់ចំនួន៣៣គ្រឿង ដល់កម្ពុជាសម្រាប់រក្សាវ៉ាក់សាំងPfizerនិងអនុញ្ញាត ឱ្យប្រជាជនកម្ពុជាធ្វើដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនបាច់ធ្វើតេស្តកូវីដខណៈអូស្រ្តាលីនឹងបើកប្រទេសឡើង វិញនៅ២សប្តាហ៍ខាងមុខ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោកScott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។
លោក Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យនៃលិខិតរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ទី១.អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ទី២.អូស្ត្រាលីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជាធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ និងទី៣.អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះលោក Pablo Kang ចំពោះការពាំនាំនូវលិខិតរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចនៅពេលនេះ។ សម្តេចតេជោក៏បានមានប្រសាសន៍ថាកម្ពុជាតែងតែវាយតំលៃខ្ពស់ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ។ ដោយឡែកអូស្ត្រាលីបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញ នៅ២សប្តាហ៍ខាងមុខនេះ ។


សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង​ និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានស្នើឲ្យលោក Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ៕

To Top