ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងករណី មានគណនីហ្វេសបុកមួយឈ្មោះ Pheach Sopheak បានសរសេរថា “ហួសចិត្តប៉ូលិសចរាចរណ៍ វាយកញ្ចក់ឡានខ្ញុំ ” ។
ទាក់ទិនរឿងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់តាមហ្វេសប៊ុក កាលពីថ្ងៃទី១ មេសាថា តាមពិតជាក់ស្តែង បុគ្គលម្នាក់នោះ មិនត្រឹមតែបើកបរល្មើស ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការ បញ្ជារបស់មន្ត្រីដែលកំពុងជួយ សម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ តែបុគ្គលម្នាក់នេះបែរជា មិនព្រមឈប់ ហើយបើកបរបន្ថែមល្បឿនដោយបានបុក សមត្ថកិច្ចចរាចរដែលកំពុង ឈរសម្រួលចរាចរ នៅគោលដៅ ២០០៤ ណតប្រ៊ីដ នាសៀលម៉ោង ៤៖២០នាទី ថ្ងៃទី៣១ មីនា ឆ្នាំ២០២២ បង្កឲ្យមន្ត្រីរងរបួសត្រង់ដៃ ទៀតផង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្ថែមថា ជនបង្កនេះ បើកបរល្មើសច្បាប់ មិនឈប់តាមការបញ្ជា របស់មន្ត្រីចរាចរណ៍ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ ឱ្យរងរបួសត្រង់ដៃ ថែមទាំងបើករត់គេច ហើយផុសព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។
ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកបុគ្គល ល្មើសច្បាប់ម្នាក់នេះ ដើម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់ ៕