ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ប្រកាសសាលក្រមផ្តន្ទាទោស នាយិការ នៃក្រុមហ៊ុន Nutrilatt Master LM Co. LTD ដាក់គុកកំណត់១០ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀល ( ប្រមាណ ២.០០០$) សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការចែកចាយ និងលក់ផលិតផលម្សៅទឹកដោះគោ ដែលគ្មានគុណភាព និងមានកម្រិតសារធាតុដែក និងសង្កសីយ៉ាងទាបបំផុត ដែលធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ សុខភាពរបស់ទារក និងកុមារតូច នៅទូរទាំងប្រទេស ដែលបានប្រើប្រាស់ នូវ ផលិតផល របស់ក្រុមហ៊ុនខាងលើនេះ។
តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យស្ត្រីជាប់ចោទ ត្រូវសងថ្លៃជម្ងឺចិត្ត ពីចំនួន១ម៉ឺន ($ 10,000ទៅ ២ ម៉ឺនដុល្លារអាមេរិក ($20,000) ដល់ភាគីដើមបណ្តឹង(ភាគី រដ្ឋប្បវេណី) ចំនួន២២នាក់ ដែលជាមាតាបិតា របស់កុមាររងគ្រោះ ក្នុងម្នាក់ៗ តែបើកផ្លូវឱ្យភាគីទាំងពីរ មានសិទ្ធិប្តឹងតវ៉ា ទៅកាន់តុលាការឧទ្ធរណ៍ តាមផ្លូវច្បាប់។
សវនាការនេះ ត្រូវបានធ្វើឡើង ដោយលោកចៅក្រមស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង សេង ហៀង គឺជាតំណាងអយ្យការ កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។
លោកចៅក្រមស៊ិន សុវណ្ណរ័ត្ន បានថ្លែងអោយដឹង នៅក្នុងសវនាការថា ជនជាប់ចោទរូបនេះ ឈ្មោះ ខុន កែវកេសី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបររ ជានាយិកាប្រតិបត្តិ ក្រុមហ៊ុន Nutrilatt Master LM Co. LTD មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានជាប់ចោទពីបទ”ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក ក្លែងបន្លំ ឬ ធ្វើអោយមានការភាន់ច្រឡំ អំពីគុណភាពលើផលិតផល” តាមបញ្ញត្តិមាត្រា ២១ និង ៦៣ នៃ ច្បាប់ស្តីពីអំពើការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និង សេវា។
ទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការ ខាងលើនេះ, ឈ្មោះ លោកស្រីខុន កែវកេសី មានអាចទាក់ទង ដើម្បីសការបំភ្លឺបានឡើយ។
តែនាពេលសវនាការកន្លងមក, ជនជាប់ចោទឈ្មោះ ខុន កែវកេសី ទទួលស្គាល់ និង សារភាព អំពើកំហុសឆ្គង ក្នុងបទចោទប្រកាន់ខាងលើ។
ក៏ប៉ុន្តែ កែវកេសី បាននិយាយថា ចំពោះ ផលិតផលទឹកដោះគោ ដែលមានបញ្ហានោះ គឺ ក្រុមហ៊ុនរបស់ខ្លួន បាននាំចូលផ្តាច់មុខ ពីរោងចក្រមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។
កែវកេសី និយាយថា ការនាំចូលផលិតផលនេះ មកចែកចាយនៅកម្ពុជា គឺ ខាងក្រុមហ៊ុនរបស់គាត់ មានការជឿជាក់ ទៅវិញ្ញាបនបត្របញ្ជាក់ អំពីភាគី នៃ ក្រុមហ៊ុនម៉ាឡេស៊ី នៅឯប្រទេសម៉ាឡេស៊ី និង មិនបានដឹងច្បាស់ អំពីកម្រិតគុណភាព នៃ ផលិតផលនោះទេ។
កែវកេសីបាន និយាយថា ក្រោយមក ខាងក្រុមហ៊ុននាង បានដឹងថា ផលិតផល មិនមានគុណភាព និង មានបញ្ហា បន្ទាប់ ពីមានអតិថិជន ដែលជាមាតាបិតារបស់ កុមារតូច ដែលបានទិញផលិតផល ទៅប្រើប្រាស់ បានប្ដឹងក្រុមហ៊ុនទៅអាជ្ញាធរពាក់ព័ន្ធ នៅក្នុងឆ្នាំ ២០២០។
កែវកេសី បានបន្តថា បន្ទាប់ពីមានបញ្ហា, ខាងក្រុមហ៊ុននាង ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និង បានប្រមូល នូវ ផលិតផលទាំងអស់នោះ ដាក់ចូលក្នុងស្តុក នៅក្នុងក្រុមហ៊ុនវិញ។
កែវកេសី បានបន្ថែមថា បន្ទាប់មកខាងក្រុមហ៊ុននាង ក៏បានជូនដំណឹងទៅកាន់ ខាងភាគីរោងចក្រម៉ាឡេស៊ី ព្រមទាំងបាន យកសំណាក ផលិតផល ដែលមានបញ្ហាខាងលើ បញ្ជូនទៅពិនិត្យ នៅឯប្រទេសសិង្ហបុរីផងដែរ។
កែវកេសី បានសំណូម ដល់លោកចៅក្រមជំនុំ មេត្តា ជួយផ្តល់ភាពយុត្តិធម៌ ដល់រូបនាងផង ព្រោះ នៅក្នុងរឿងក្តីនេះ រូបនាង និង ខាងក្រុមហ៊ុនរបស់នាង គ្មានចេតនា នឹង ផ្សព្វផ្សាយ ឬ លក់ផលិតផល គ្មានគុណភាព ជូនអតិថិជននោះទេ។ នេះ គឺ ដោយសារតែខាងក្រុមហ៊ុនរបស់នាង បានជឿជាក់ លើវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល អំពីក្រុមហ៊ុនម៉ាឡេស៊ី ដែលអ្នកផលិត និង ផ្គត់ផ្គង់។
ម្យ៉ាងវិញទៀត, មុនពេលដែលផលិតផល ខាងលើនេះ បាននាំចូលពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា និង ត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុន, ផលិតផលទាំងអស់នោះ ក៏ត្រូវបានបង់ពន្ធត្រឹមត្រូវ និង ត្រួតត្រួតនិត្យ អំពីសំណាក់ មន្ត្រីកាំកុងត្រូលផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ មានជនរងគ្រោះ ចំនួន២២ ដើមបណ្ដឹង។ ហើយ ភាគីដើមបណ្ដឹង នីមួយៗ បានទាមទារថ្លៃ ជម្ងឺចិត្ត យ៉ាងតិច ចំនួន ពី ៤ ម៉ឺន រហូតដល់ ជិត ៣០ ម៉ឺនដុល្លារអាមេរិក៕ ដោយ: លីហ្សា