ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ គាប្បីអនុវត្ត នូវការណែនាំ ឲ្យបានល្អត្រឹមត្រូវ ដើម្បីចៀសវាង ការប្រព្រឹត្តិអំពើអបាយមុខ ដូចជាលេងល្បែងស៊ីសង លេងរំសៀវជាតិផ្ទុះ អុជផាវ បើកបរក្នុងស្ថានភាពស្រវឹង និងមិនត្រូវជិះម៉ូតូបង្ហោះប្រដេញគ្នាលេងឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាន នូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង” ។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្សនិស្សិត និងកម្មករកម្មការិនីទាំងអស់ ដូចខាងក្រោម៖
១.ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវ នឹងមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ
២.ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ
៣.ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេង នៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាត ការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្ដិសម ជាកុលបុត្រកុលធីតាខ្មែរ និង
៤.ត្រូវយកចិត្តទុកដាក់ ក្នុងការថែរក្សាសុវត្ថិភាពអនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
