ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងជំនួបនេះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើន យ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។
ជាការឆ្លើយតប លោក មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ ចំពោះការចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន លោកមេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។
គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរ តែងបានយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ព កម្ពុជា-វៀតណាម៕