ព័ត៌មានជាតិ

ស្ថានទូតចិន ៖ យើងគួរតែផ្សព្វផ្សាយពីមួយជំនាន់ ទៅមួយជំនាន់ អំពីវីរជនចិន ២រូប ពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងថា គួរតែផ្សព្វផ្សាយពីមួយជំនាន់ ទៅមួយជំនាន់ អំពីវីរជនចិនរក្សាសន្ដិភាព ២រូប ពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ដើម្បីឲ្យក្លាយជាថាមពលជំរុញស្មារតីយូរអង្វែង និងមិនសាបសូន្យ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៥ មេសា នេះ។

ក្នុងឱកាសអញ្ជើញរៀបចំកម្មវិធីឆេងម៉េង នៅស្ដូបគោរពវិញ្ញាណក្ខន្ធវីរជនរក្សាសន្តិភាព ខេត្តកំពង់ចាម ដើម្បីរំលឹកគុណដល់វីរជន Chen Zhiguo និង Yu Shili បានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបេសកកម្មរក្សាសន្តិភាព នៅប្រទេសកម្ពុជា លោក Wu Guoquan បានរំលឹកថា កាលពី ២៩ឆ្នាំមុន វីរជនអង់អាចក្លាហានទាំងពីររូបខាងលើ បានពលីអាយុជីវិត និងលះបង់យុវវ័យរបស់ពួកគេ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ នៅតែរំជួលចិត្តជាពន់ពេក។

លោក បន្ដថា កាលពីឆ្នាំ២០០៨មុន ថ្ងៃពិធីបុណ្យឆេងម៉េង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១៥ នៃការពលីកម្មរបស់វីរជនចិន ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងការពារជាតិកម្ពុជា បានសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធ នៅទីតាំងដែលពួកគេបានប្រយុទ្ធ ដើម្បីរំលឹកគុណនិងក៏ជាសក្ខីភាពនៃចំណងផ្សារភ្ជាប់គ្នារវាងប្រជាជនទាំងពីរប្រទេស។

លោក បានថ្លែងបញ្ជាក់ថា «យើងមិនត្រឹមតែត្រូវចងចាំវីរជនរក្សាសន្តិភាព ដែលបានយកអាយុជីវិត និងឈាមស្រស់របស់ពួកគេ ក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ក៏ត្រូវចងចាំកម្លាំងកម្មករដ៏សាមញ្ញនីមួយៗ បានរួមចំណែកការអភិវឌ្ឍន៍ ក្នុងប្រទេសកម្ពុជាក្រោមតំណក់ញើសឈាមរបស់ពួកគេ និងត្រូវបានកត់ត្រារួមគ្នាក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត នៃចំណងមិត្តភាពចិននិងកម្ពុជា»។

លោក បានបន្តទៀតថា «យើងគួរតែផ្សព្វផ្សាយពីមួយជំនាន់ទៅមួយជំនាន់អំពីវីរជនចិន ដើម្បីអភិវឌ្ឍផ្សព្វផ្សាយអំពីស្មារតីវីរភាពដ៏មានតម្លៃរបស់ពួកគេនៅក្នុងយុគសម័យថ្មី ដើម្បីឱ្យក្លាយជាថាមពលជំរុញស្មារតីយូរអង្វែងនិងមិនសាបសូន្យ។ យើងត្រូវចងចាំប្រវត្តិសាស្រ្ត រំលឹកគុណវីរជន និងស្រលាញ់សន្តិភាពនិងការអភិវឌ្ឍន៍ដែលបានមកដោយការលំបាក រក្សាចំណងមិត្តភាពចិន-កម្ពុជាដែលប្រៀបដូចមាសដ៏មានតម្លៃ ស្រោចស្រពលើដែនដីមួយនេះ បង្កើតបានជាបុប្ផានៃចំណងមិត្តភាពឲ្យកាន់តែស្រស់បំព្រង»។

លោកស្រី Xu Fengqin អ្នកដឹកនាំក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យចិន Xiyuan មានប្រសាសន៍ថា ក្រុមអ្នកជំនាញចិនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដំបូងគេដែលត្រូវបានចាត់បញ្ជូនមកកាន់ប្រទេសកម្ពុជា នឹងតែងនឹករលឹកដល់វីរជនបដិវត្តន៍ ចងចាំអំពីសមិទ្ធផលស្នាដៃដ៏អស្ចារ្យរបស់វីរជនប្រជាជន និងរួមចំណែកការងារ ក្នុងការស្ដារប្រទេសចិននិងការកសាងសហគមន៍សុខភាពសុខាភិបាលមនុស្សជាតិ។

ដោយឡែក លោក Gao Xin អគ្គនាយករង នៃការិយាល័យក្រុមហ៊ុនចិន CRBC មានប្រសាសន៍ថា «ក្នុងនាមជាវិស្វករជនជាតិចិនមួយរូប លោកនឹងតែងប្រកាន់ខ្ជាប់នូវមរតកដ៏ថ្លៃថ្លារបស់វីរជនទាំងឡាយ និងប្រែក្លាយពីអារម្មណ៍ក្តុកក្តួល និងការអាឡោះអាល័យរបស់វីរជនលើបេសកកម្មរបស់ពួកគេមកជាកម្លាំងជំរុញបន្តកសាងផ្លូវថ្នល់ស្ពាននិងរួមចំណែកក្នុងសង្គមនៅលើទឹកដីដ៏ស្រស់ស្អាតមួយនេះ បន្តខិតខំប្រឹងប្រែងកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគុណភាពខ្ពស់ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនចិន និងកម្ពុជាដោយតាមរយៈកិច្ចសហប្រតិបត្តិការជោគជ័យរួម»៕

To Top