ព័ត៌មានជាតិ

តំណាង​UNប្រចាំកម្ពុជា ប្ដេជ្ញា​បំពេញ​ការងារ​ឱ្យស្របតាមយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល 

ភ្នំពេញ ៖ លោកស្រី Paunline Tamesis អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានថ្លែងថា UN បន្ដប្ដេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដោយធ្វើយ៉ាងណា ស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោកស្រី Paunline Tamesis បានថ្លែងបញ្ជាក់ថា «អង្គការសហប្រជាជាតិ បន្ដប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដោយធ្វើយ៉ាងណា បន្ស៉ីយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តបន្ដខិតខំអនុវត្តគម្រោងនានា ដែលកំពុងអនុវត្តជាមួយគ្នានូវគម្រោងមិនទាន់បញ្ចប់។ ជាមួយគ្នានេះ សម្តេច ស្នើបន្ដអនុវត្តឲ្យបាន និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសលើការងារគាំពារដល់ស្ដ្រី និងកុមារ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់លោកស្រី ថាថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសកម្មភាពសំខាន់ៗ ក្នុងផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២នេះ គឺផ្ដោតទៅលើការបន្ដផ្ទេរសិទ្ធិអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

សម្ដេច បានស្នើឲ្យអង្គការសហប្រជាជាតិ បន្ដពិនិត្យទៅលើផែនការ ១០ឆ្នាំដំណាក់កាលទី២នេះ ដើម្បីអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយ នៃផែនការជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២នេះ៕

To Top